ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦ បានបេីកជាផ្លូវការហេីយ
ត្បូងឃ្មុំ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅរសៀលថ្ងៃទី១២ ខែមិថុនា បានអញ្ជេីញជាអធិបតីភាពក្នុងពិធីបើក «ពិព័រណ៍ទុរេន និងដំណាំឈើហូបផ្លែ ខេត្តត្បូងឃ្មុំ ឆ្នាំ២០២៦»។ ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនេះ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលខេត្តត្បូងឃ្មុំ នៅបរិវេណមាត់ទន្លេសិប្បនិម្មិត ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦។
លោក វង សូត អនុប្រធានទី២ នៃរដ្ឋសភា បានលេីកឡេីងថា ខេត្តត្បូងឃ្មុំមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម ហើយទុរេនត្បូងឃ្មុំ បាននិងកំពុងបង្កើតកេរ្តិ៍ឈ្មោះយ៉ាងលេចធ្លោ។ ការរៀបចំពិព័រណ៍នេះ មិនត្រឹមតែជាការបើកឱកាសទីផ្សារជូនកសិករផ្ទាល់នោះទេ ប៉ុន្តែវាជាការបង្ហាញពីភាពរឹងមាំនៃសេដ្ឋកិច្ចសហគមន៍ និងការទាក់ទាញភ្ញៀវទេសចរឱ្យមកស្គាល់ខេត្តត្បូងឃ្មុំកាន់តែច្រើនឡើង។ លោកបានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើននៃកសិផលខ្មែរ ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំ និងជំ រុញលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធ។
លោក វង សូត្រ បានបញ្ជាក់ថា ក្រៅពីការរួមគ្នាគាំទ្រ និង លើកកម្ពស់ផលិតផលក្នុងស្រុកឱ្យមានស្តង់ដារខ្ពស់ហើយនោះ កត្តាដែលមិនអាចមើលរំលងបានគឺសុខភាពរបស់ប្រជាពលរដ្ឋ។ លោកក៏បានណែនាំឱ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវតែរួមដៃគ្នាពង្រឹងការត្រួតពិនិត្យគុណភាពទំនិញ និងចំណីអាហារនាំចូលពីក្រៅប្រទេសឱ្យបានតឹងរ៉ឹងបំផុត ដើម្បីធានាសុវត្ថិភាព និងការពារសុខភាពជូនប្រជាពលរដ្ឋ។
ចំពោះកម្មវិធីពិព័រណ៍កសិកម្មរយៈពេល ៣ថ្ងៃនេះ ភ្ញៀវជាតិនិងអន្តរជាតិដែលអញ្ជើញមកកម្សាន្ត នឹងទទួលបានបទ ពិសោធន៍ដ៏សម្បូរបែប តាមរយៈការទស្សនា និងភ្លក់រសជាតិទុរេនខេត្តត្បូង ឃ្មុំ ដែលល្បីល្បាញខាងរសជាតិផ្អែមឆ្ងាញ់ពិដោរឈ្ងុយ និងដាំដុះតាមស្តង់ដារបច្ចេកទេសត្រឹមត្រូវ។ លើសពីនេះ ភ្ញៀវចូលរួមដទៃទៀតក៏អាចស្វែងយល់ពីប្រភេទដំណាំឈើហូបផ្លែធម្មជាតិជាច្រើនមុខ រួមមាន មង្ឃុត ខ្នុរ សាវម៉ាវ មៀន និងកសិផលបន្ទាប់បន្សំជាច្រើនប្រភេទ ព្រមទាំងបានចូលរួមលើកទឹកចិត្ត និងជំរុញជីវភាពប្រជាកសិករតាមរយៈការបញ្ជាទិញផលិតផលពីស្តង់ពិព័រណ៍ដោយផ្ទាល់។
ព្រឹត្តិការណ៍នេះក៏ជាឱកាសដ៏ប្រសើរក្នុងការទទួលបានចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងបច្ចេកវិទ្យាកសិកម្ម តាមរយៈការសិក្សាស្វែងយល់ពីបច្ចេកទេសដាំដុះទំនើប និងការកែច្នៃកសិផល ដើម្បីបង្កើនតម្លៃបន្ថែមនៅលើទីផ្សារ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តត្បូងឃ្មុំ បានគោរពអញ្ជើញប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ- អន្តរជាតិ អាជីវករ និងអ្នកស្រឡាញ់វិស័យកសិកម្មទាំងអស់ ចូលរួមទស្សនា និងទិញដូរឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកលើកកម្ពស់កសិផលខ្មែរ ជាពិសេសទុរេនខេត្តត្បូងឃ្មុំ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ទាំងនៅលើទីផ្សារជាតិ និងអន្តរជាតិ៕
អត្ថបទ៖ វង សុភ័ក្ត្រ