មន្ត្រីរុស្ស៊ី៖ អង្គការណាតូ កំពុងសម្លឹងមើលតំបន់អាស៊ី ដើម្បីទាញផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងយោធា
រុស្ស៊ី៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារៀ ហ្សាខារ៉ូវ៉ា (Maria Zakharova) កាលពីថ្ងៃអង្គារ បានចេញមុខអះអាងថា បណ្តាប្រទេសជាសមាជិកអង្គការណាតូ (NATO) កំពុងតែសម្លឹងមើលតំបន់អាស៊ី ថាជាតំបន់យុទ្ធសាស្ត្រដ៏សំខាន់ ក្នុងការទាញយកផលប្រយោជន៍ផ្នែកភូមិសាស្ត្រនយោបាយ និងភូមិសាស្ត្រយុទ្ធសាស្ត្រយោធាជាធំ ។
លោកស្រីសង្កត់ធ្ងន់ថា ក្រុមបស្ចិមប្រទេសដែលមានណាតូជាស្នូល មិនមែនគ្រាន់តែចង់បានផលប្រយោជន៍ផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច ឬហិរញ្ញវត្ថុពីតំបន់អាស៊ីនោះទេ ប៉ុន្តែពួកគេមានបំណងចង់រៀបចំ និងធ្វើកំណែទម្រង់នៃបណ្តាប្រទេសក្នុងតំបន់អាស៊ីឡើងវិញ ដូចដែលពួកគេធ្លាប់បានធ្វើដោយជោគជ័យ នៅតាមតំបន់ផ្សេងៗជុំវិញពិភពលោកនាពេលកន្លងមក ។
ក្រៅពីការរិះគន់រឿងតំបន់អាស៊ី លោកស្រី ហ្សាខារ៉ូវ៉ា ក៏បានលើកឡើងដែរថា ប្រព័ន្ធសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប (EU) នាពេលបច្ចុប្បន្ន កំពុងតែបង្ហាញសញ្ញាធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែឈានទៅរកវិបត្តិសេដ្ឋកិច្ចដុនដាបទៅហើយ ព្រោះតែប្រទេសទាំងនោះ ធ្លាប់តែជិះជាន់និងកេងប្រវ័ញ្ចពីប្រទេសដទៃ ដោយមិនចេះធ្វើការងារប្រកបដោយការគោរពគ្នា ក្នុងឆាកអន្តរជាតិឡើយ ពោលគឺពួកគេចេះប្រើតែវិធីសាស្ត្រគាបសង្កត់ ទណ្ឌកម្ម ការគំរាមកំហែង និងការលួចបន្លំប៉ុណ្ណោះ ។
គួរបញ្ជាក់ថា ការថ្លែងការណ៍ដ៏ក្តៅគគុកនេះ បានធ្វើឡើងនៅក្រៅវេទិកាសន្តិសុខអន្តរជាតិ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់មូស្គូ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ នេះ ដោយភាគីរុស្ស៊ីបានអញ្ជើញប្រតិភូមកពីបណ្តាប្រទេស និងអង្គការបរទេសជាង ១៨០ ចូលរួម ក្នុងកម្មវិធីដែលមានទាំងជំនួបពិភាក្សាទ្វេភាគី ជួបជុំពហុភាគី និងការទស្សនាការតាំងពិព័រណ៍ផ្សេងៗ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ newsweek, affiliate-network & USNI News on Microsoft Bing