ព័ត៌មានអន្តរជាតិ

ខ្ពស់ជាងការរំពឹងទុក! សិង្ហបុរី សម្រេចបានកំណើនសេដ្ឋកិច្ច ៦.០% នៅក្នុងត្រីមាសទីមួយ ឆ្នាំ២០២៦

image


 
សិង្ហបុរី៖ សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរី នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ នេះ សម្រេចបានកំណើនរហូតដល់ ៦.០% ដែលជាកម្រិតមួយខ្ពស់ជាងការរំពឹងទុក និងកើនលើសពីការប៉ាន់ស្មានមុនរបស់រដ្ឋាភិបាល ដែលគិតថាមានត្រឹមតែ ៤.៦% ប៉ុណ្ណោះ ។
 
កំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងត្រីមាសដំបូងនេះ ទទួលបានកម្លាំងរុញច្រានជាចម្បងពី វិស័យពាណិជ្ជកម្មបោះដុំ វិស័យរោងចក្រផលិតកម្ម ព្រមទាំងវិស័យហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏ដូចជាតម្រូវការបច្ចេកវិទ្យា AI ។
 
ទោះបីជាទទួលបានលទ្ធផលល្អក្នុងត្រីមាសដំបូងក៏ដោយ ក្រសួងពាណិជ្ជកម្មសិង្ហបុរី នៅតែរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចសម្រាប់ពេញមួយឆ្នាំក្នុងរង្វង់ ២% ទៅ ៤% ដដែល ដោយសារទស្សនវិស័យទូទៅចាប់ផ្តើមមានសភាពទន់ខ្សោយ ។
 
អាជ្ញាធរសិង្ហបុរី បានបង្ហាញក្ដីព្រួយបារម្ភថា វិបត្តិជម្លោះនៅមជ្ឈិមបូព៌ាកំពុងដាក់សម្ពាធដល់កំណើនសេដ្ឋកិច្ចសកល និងធ្វើឱ្យអតិផរណាប្រែប្រួល ជាហានិភ័យដ៏ធំមួយសម្រាប់សិង្ហបុរី ក្នុងនាមជាប្រទេសដែនកោះតូចមួយដែលពឹងផ្អែកលើពាណិជ្ជកម្ម ។
 
ចំពោះផ្នែកគោលនយោបាយរូបិយវត្ថុ ធនាគារកណ្តាលសិង្ហបុរី បានសម្រេចរឹតបន្តឹងចរន្តលុយកាក់កាលពីខែមុន ដើម្បីទប់ទល់នឹងអតិផរណាដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់ ប៉ុន្តែបានអះអាងដែរថា អត្រាការប្រាក់ក្នុងស្រុកនឹងនៅតែមានស្ថិរភាពល្អ ។
 
ងាកមកមើលផ្នែកពាណិជ្ជកម្មវិញ ការនាំចេញក្នុងស្រុកដែលមិនមែនជាផលិតផលប្រេង បានកើនឡើង ៩.៦% ក្នុងត្រីមាសទីមួយ ដោយសារតែការនាំចេញគ្រឿងអេឡិចត្រូនិចហក់ឡើងដល់ ៥៧.៨% ដែលជំរុញឱ្យអាជ្ញាធរតម្លើងការរំពឹងទុកនៃការនាំចេញពេញមួយឆ្នាំដល់ ៥% ។
 
ទោះជាយ៉ាងណាក្ដី សិង្ហបុរីនៅតែត្រូវប្រឈមមុខនឹងសម្ពាធពីខាងក្រៅដដែល ពិសេសគឺការគំរាមកំហែងពីពន្ធពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រោមការស៊ើបអង្កេតរបស់រដ្ឋបាលលោក ត្រាំ ខណៈអតិផរណាក្នុងស្រុក ត្រូវគេរំពឹងថានឹងស្ថិតក្នុងរង្វង់ ១.៥% ទៅ ២.៥% ក្នុងឆ្នាំនេះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters via VN Express International | រូបភាព៖ Reuters/ guideyourtrips.blogspot & fity.club on Microsoft Bing