ម៉ាឡេស៊ីរឹតបន្តឹងការធ្វើពាណិជ្ជកម្មមាសដុំ ដោយដំឡើងពន្ធនាំចូល ១០% លើដុំមាស
គូឡាឡាំពួរ, ម៉ាឡេស៊ី៖ ប្រទេសម៉ាឡេស៊ីបានដាក់ឱ្យដំណើរការជាផ្លូវការនូវការយកពន្ធនាំចូល ១០ ភាគរយ លើការដឹកជញ្ជូនដុំមាសប្រភេទជាក់លាក់មួយចំនួន ដែលវិធានការនេះបានធ្វើឱ្យមានការរំខាន និងប៉ះពាល់យ៉ាងខ្លាំងដល់ការធ្វើពាណិជ្ជកម្មមាសដុំនៅក្នុងប្រទេស។
យោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ដោយផ្អែកលើប្រភពពីក្រុមពាណិជ្ជករ និងអ្នកលក់មាស ដែលសុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា ទំនិញនាំចូលមួយចំនួនត្រូវគេតម្រូវឱ្យបង់ពន្ធ ១០ ភាគរយ តាំងពីកំឡុងដើមខែឧសភាមកម៉្លេះ ។
ប្រភពដដែល បានបន្តថា ជាលទ្ធផល ជើងសារដឹកជញ្ជូនមាសមួយចំនួន ត្រូវគេឃាត់ទុកនៅឯកន្លែងគយ ឬត្រូវបានបង្វែរទិសដៅទៅកាន់តំបន់ផ្សេងទៀត ព្រោះថាការបន្ថែមថ្លៃដើមដ៏ខ្ពស់បែបនេះ នឹងធ្វើឱ្យការនាំចូលមាសទាំងនោះ លែងទទួលបានប្រាក់ចំណេញទៀតហើយ ។
ធនាគារ ប៊ែង មូអាម៉ាឡាត់ ម៉ាឡេស៊ី (Bank Muamalat Malaysia) ជាធនាគារឥស្លាមក្នុងស្រុកមួយ ដែលមានផ្តល់សេវាកម្មលើផលិតផលវិនិយោគមាស បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅសប្តាហ៍នេះថា រាល់ពេលដែលមានការយកពន្ធនាំចូល ១០ភាគរយ លើមាសដុំនោះ រាល់ថ្លៃដើមដែលកើនឡើងបន្ថែម នឹងត្រូវផ្ទេរទៅឱ្យអតិថិជនជាអ្នករាប់រងទាំងស្រុង ។
អ្នកនាំពាក្យមកពីនាយកដ្ឋានគយម៉ាឡេស៊ី បានលើកឡើងថា ក្រសួងហិរញ្ញវត្ថុនឹងធ្វើការ «ពិភាក្សា និងជួបជុំជាមួយវិស័យឯកជននៅក្នុងឧស្សាហកម្មនេះ» ជុំវិញការនាំចូល «ផលិតផលមាសដែលបានកែច្នៃរួច» ។
យោងតាមវេទិកាព័ត៌មានទ្រព្យសកម្មវិនិយោគ គ្រីបតូ ប្រ៊ីហ្វហ្វីង (CryptoBriefing) បានឱ្យដឹងថា សម្រាប់ក្រុមអ្នកវិនិយោគ នរណាក៏ដោយដែលទិញដុំមាសទម្ងន់ ១ គីឡូក្រាម តាមរយៈធនាគារម៉ាឡេស៊ី បន្ទាប់ពីថ្ងៃទី៨ ខែមិថុនា នឹងត្រូវចំណាយប្រាក់បន្ថែមប្រហាក់ប្រហែល ៤៥,០០០ រីងហ្គីត (ឬប្រហែល ១១,៣០០ ដុល្លារអាមេរិក) ច្រើនជាងតម្លៃដែលពួកគេធ្លាប់បានទិញ កាលពីសប្តាហ៍មុន។
គួររំឭកថា តម្លៃមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន កាលពីដើមឆ្នាំនេះ ដែលបានជំរុញឱ្យមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកវិនិយោគលើទំនិញប្រភេទនេះ រួមទាំងនៅក្នុងតំបន់អាស៊ីផងដែរ ។
នៅក្នុងប្រទេសម៉ាឡេស៊ី ធនាគារក្នុងស្រុកជាច្រើន បានចាប់ផ្តើមប្រកាសដាក់លក់ នូវកញ្ចប់ផលិតផលវិនិយោគមាស ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ ខណៈដែលក្រុមហ៊ុនភស្តុភារកម្មមាសដុំ Loomis AB ក៏បានបើកឃ្លាំងស្តុកមាសដ៏មានសុវត្ថិភាពមួយ នៅជិតរដ្ឋធានីនៃប្រទេសម៉ាឡេស៊ី ដើម្បីបម្រើដល់តម្រូវការដែលកំពុងតែកើនឡើង ។
យោងតាមទិន្នន័យពីនាយកដ្ឋានស្ថិតិរបស់ប្រទេសម៉ាឡេស៊ី បានបង្ហាញថា ម៉ាឡេស៊ីបាននាំចូលមាសដែលមិនមែនជារូបិយវត្ថុ មានតម្លៃប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិកឯណោះ គិតត្រឹមខែមេសា ឆ្នាំ២០២៦ ។
សកម្មភាពរបស់រដ្ឋាភិបាលម៉ាឡេស៊ីនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានការផ្លាស់ប្តូរគោលនយោបាយនាំចូលភ្លាមៗស្រដៀងគ្នានៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សារមាសនិងប្រាក់ធំជាងគេលំដាប់ទីពីរនៅលើពិភពលោក ដោយវិធានការនោះ បានបង្កឱ្យមានផលប៉ះពាល់ជាបន្តបន្ទាប់ពាសពេញទីផ្សារលោហៈធាតុ និងទីផ្សាររូបិយប័ណ្ណរបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មាន គីតកូ ញូវ (Kitco News) បានស្រង់សម្តីរបស់លោកស្រី ម៉ារីយ៉ា ប៉ាលីវ៉ាឡា (Mariya Paliwala) និពន្ធនាយកជាន់ខ្ពស់នៃសារព័ត៌មាន ជូរីស អាវវ័រ (Juris Hour) ដែលបានសរសេរថា «វិធានការគោលនយោបាយក្នុងស្រុកនាពេលថ្មីៗនេះ មានគោលបំណងរក្សាទុនបម្រុងរបស់ជាតិ និងគ្រប់គ្រងលំហូរចូលនៃលោហៈធាតុមានតម្លៃ ដោយបានជំរុញឱ្យមានការជជែកដេញដោលគ្នាយ៉ាងខ្លាំងក្នុងចំណោមអ្នកវិនិយោគ និងអ្នកចូលរួមក្នុងទីផ្សារ ជុំវិញផលប៉ះពាល់ដែលអាចកើតមាន ទៅលើខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងស្រុក ការប្រែប្រួលតម្លៃ និងតម្លៃនៃមូលនិធិសន្ទស្សន៍ទិញដូរមាស (ETF)» ជាដើម ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Star/ VN Express International | រូបភាព៖ TU News/ REUTERS/ Bloomberg/ AFP