ព័ត៌មានអន្តរជាតិ

ពលរដ្ឋឥណ្ឌូណេស៊ីត្អូញត្អែររឿងទឹកជំនន់លិចផ្ទះ ធ្វើឱ្យក្មេងៗកើតជំងឺសើរស្បែក និងស្នើរដ្ឋាភិបាលឱ្យជួយកែលម្អប្រព័ន្ធរំដោះទឹកជាបន្ទាន់

image


ជ្វាកណ្តាល, ឥណ្ឌូណេស៊ី៖ ភូមិចំនួន ៨ នៅក្នុងតំបន់ប៉ាទី ខេត្តជ្វាកណ្តាល ប្រទេសឥណ្ឌូណេស៊ី បានទទួលរងនូវការលិចលង់យ៉ាងខ្លាំងនៅក្រោមផ្ទៃទឹកដែលមានកម្ពស់រហូតដល់ទៅ ១ ម៉ែត្រ ក្រោយពីមានភ្លៀងធ្លាក់ជោកជាំក្នុងរយៈជាច្រើនថ្ងៃជាប់ៗគ្នា ដែលបានលិចលង់ទាំងផ្ទះសម្បែង ផ្លូវថ្នល់ និងដីស្រែចំការរបស់ប្រជាពលរដ្ឋទាំងស្រុង ។
 
យោងតាមការរៀបរាប់របស់ពលរដ្ឋរងគ្រោះ កាលពីថ្ងៃអង្គារ បានឱ្យដឹងថា ស្ថានភាពរស់នៅបច្ចុប្បន្នកំពុងតែធ្លាក់ដុនដាបខ្លាំងអស់រយៈពេល ៣ថ្ងៃមកហើយ ដោយសារតែទឹកជំនន់ឡើងចុះមិនទៀងទាត់ ថែមទាំងបង្កឱ្យកុមារតូចៗជាច្រើននៅក្នុងតំបន់ ចាប់ផ្តើមកើតជំងឺសើរស្បែក និងរមាស់ស្បែកគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង ។
 
អាជ្ញាធរក្នុងស្រុក បានបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះទឹកជំនន់ដដែលៗរាប់សិបដងក្នុងមួយឆ្នាំៗបែបនេះ គឺដោយសារតែអាងទន្លេវីដូដារ៉េន (Widodaren) មានការកកស្ទះល្បាប់ដីខ្សាច់ដែលធ្វើឱ្យលែងអាចរំដោះទឹកភ្លៀងបានទាន់ពេលវេលា ទើបជំរុញឱ្យមានការអំពាវនាវដល់រដ្ឋាភិបាល ឱ្យជួយអន្តរាគមន៍កែលម្អប្រព័ន្ធបង្ហូរទឹក និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់រងគ្រោះជាបន្ទាន់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ Screenshot from VIORY's video.