អាម៉េរិក ផ្តល់ជំនួយហិរញ្ញប្បទានឥតសំណង ៦០០.០០០ដុល្លារ គាំទ្រដល់សកម្មភាពបោសសម្អាតមីន នៅកម្ពុជា

កំពង់ឆ្នាំង៖ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពCMAC បានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិកដឹកនាំដោយលោក Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយលោក Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកស្រី Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania អមដំណើរដោយលោកស្រី Michael Baumgartner ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក Hans Peter Risser ប្រធានអង្គការNPA ប្រចាំនៅកម្ពុជា ដើម្បីបំពេញទស្សនកិច្ចស្វែងយល់ពីវិស័យសកម្មភាពកំចាត់មីននៅកម្ពុជា ជាពិសេសសកម្មភាពបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពCMAC ក្រោមគម្រោងកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់សហរដ្ឋអាមេរិក។ ដំណើរទស្សកិច្ចនេះ រៀបចំដោយស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា តាមរយៈអង្គការជំនួយនៃប្រជាជនន័រវេស្ស(NPA)។
សូមជម្រាបថា ក្នុងដំណើរទស្សនកិច្ចនេះក៏បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើជំនួយហិរញ្ញប្បទានឥតសំណងរបស់សហរដ្ឋអាម៉េរិក គាំទ្រដល់សកម្មភាពបោសសម្អាតមីន របស់អង្គភាពCMAC តាមរយៈអង្គការNPA ដែលមានទឹកប្រាក់សរុបចំនួន៦០០.០០០ដុល្លារសហរដ្ឋអាមេរិក សម្រាប់រយៈពេល៥ខែ (វិច្ឆិកា ២០២៥ - មេសា ២០២៦)។
លោក ហេង រតនា អគ្គនាយកអង្គភាព CMAC បានសំដែងនូវអំណរគុណចំពោះប្រជាជននិងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក តាមរយៈក្រសួងការបរទេសសហរដ្ឋអាម៉េរិក ក្នុងការបន្តគាំទ្រដល់ការបោសសម្អាតយុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា! ។
លោក ហេង រតនា មានក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈដំណើរទស្សនកិច្ចនេះនិងការចុះហត្ថលេខាទទួលជំនួយ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ ក៏បានបង្ហាញពីការប្ដេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកក្នុងការបន្ដជំនួយវិស័យមីនបន្ដទៅមុខទៀត៕
អត្ថបទ៖ សន ពិសិដ្ឋ









