សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការជឿជាក់លើថ្នាក់ដឹកនាំ និងសាមគ្គីជាតិជាធ្លុងមួយ កម្ពុជានឹងទទួលជោគជ័យលើពួកឈ្លានពានទឹកដី

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា មានប្រសាសន៍ថា៖ ក្រោមការដឹកនាំរបស់សម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការដោះស្រាយជម្លោះ នៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យរបស់កម្ពុជាគឺកម្ពុជា គោរពច្បាប់អន្តរជាតិ ស្រឡាញ់និងការពារសុខសន្តិភាព។ សន្តិភាពដែលកម្ពុជាចង់ បាននោះមិនមែនសម្រាប់តែពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ គឺសន្តិភាពសម្រាប់ប្រជាពល រដ្ឋនៃប្រទេសទំាងពីរ ក៏ដូចជាសន្តិភាពសម្រាប់សហគមន៍អាស៊ាននិងពិភព លោក ។
សម្តេចប្រធានរដ្ឋសភា ថែ្លងអំណរគុណនិងដឹងគុណជានិច្ចជូនវីរៈកងទ័ពទំាងអស់ ដែលបានធ្វើពលិកម្មក្នុងបុព្វហេតុជាតិនិងមាតុភូមិ និងបានបួងសួងសូមវិញ្ញាណក្ខន្ធយុទ្ធជនពលីជីវិត នៅក្នុងសមរភូមិ បានទៅទីកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សម្តេចប្រធានរដ្ឋសភា បានអំពាវនាវជូនពលរដ្ឋជនរួមជាតិទាំងអស់ជឿជាក់លើថ្នាក់ដឹកនាំ ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការដោះស្រាយបញ្ហាព្រំដែនប្រកបដោយសន្តិវិធី និងការទូត។
សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់ថា នៅក្នុងកាលៈទេសៈនេះ ចំណុចគន្លឹះគឺការរក្សាឱ្យបាននូវសាមគ្គីភាព ឯកភាពគ្នាដូចពាក្សស្លោកថា “សាមគ្គីរស់ បែកបាក់សាមគ្គីស្លាប់” ដើម្បីយកប្រៀបនៅលើសមរភូមិការទូតអន្តរជាតិ ជាមួយនឹងសត្រូវឈ្លានពានដោយកុំជឿលើពួកអគតិមួយក្តាប់តូចដែលតែងតែនិយាយភួត កុហក ញុះញង់ ឱ្យបែកបាក់សាមគ្គីភាពជាតិ បំពេញមហិច្ឆតាទុច្ចរិតរបស់ខ្លួនយ៉ាងងប់ងុលនោះ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាប្រធានក្រុមចលនាស្រ្តីនៃក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ មូលដ្ឋានខេត្តកណ្តាល មានប្រសាសន៍បែបនេះ នៅក្នុងឱកាស អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលនិងប្រកាសទទួលស្គាល់សមាសភាពក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុកកោះធំ ខេត្តកណ្តាល នៅ ព្រឹកថ្ងៃសៅរ៍ទី២៧ ខែកញ្ញាឆ្នាំ២០២៥។
នៅក្នុងឱកាសនោះដែរ សម្តេចប្រធានរដ្ឋសភា បានពាំនាំការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រធានព្រឹទ្ធសភានិងជាប្រមុខរដ្ឋស្តីទី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ា
ណែត នាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូនចំពោះសមាជិកសមាជិក ក្នុងអង្គពិធី ក៏ដូច ជាប្រជាពលរដ្ឋនៅក្នុងស្រុកកោះធំ និង ខេត្តកណ្តាលទំាងមូល។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត បាន កំពុងខិតខំដោះស្រាយបញ្ហាជម្លោះឈ្លានពានរបស់ថៃមកលើអធិបតេយ្យកម្ពុជា តាមគ្រប់មធ្យោបាយដោយសន្តិវិធី និងគោរពច្បាប់អន្តរជាតិ។
សម្តេចបានគូសបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជានាយឧត្តម សេនីយ៍ផុតលេខផ្កាយមាស៥ ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះ រាជាណាចក្រកម្ពុជា បានប្រោសព្រះរាជ ទានព្រះរាជសិទ្ធិលើកិច្ចការកងទ័ព កិច្ចការពារជាតិ កិច្ចការការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដីនៃព្រះរាជាណា ចក្រកម្ពុជា។
ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាទទួលបានប្រៀបឈ្នះទំាងសមរភូមិប្រយុទ្ធ និងសមរភូមិការទូត រហូតឈានទៅសម្រេចបានបទឈប់បាញ់ ដែលផ្តួច ផ្តើមឡើងដោយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ក្រោមការ សម្របសម្រួលនិងដឹកនាំដោយ លោក អាន់វ៉ា អ៉ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន និងដោយ មានការគំាទ្រពីបណ្តាបរទេសជាមិត្តមានសាធារណរដ្ឋប្រជាមានិតចិនជាដើម។ បេសកកម្មការទូតសន្តិភាព របស់កម្ពុជា បានឮដល់អន្តរជាតិ តាមរយៈការងារកាទូតនិងការទូតសភា ទាំងក្របខណ្ឌទ្វេភាគីនិងពហុភាគី៕
អត្ថបទ៖ វង សុភ័ក្ត្រ












