ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជម្រាបជូនរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី ជាថ្មីនូវជំហររបស់កម្ពុជា ចំពោះកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ធូរបន្ថយភាពតានតឹងកម្ពុជា-ថៃ កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញ ចំពោះកិច្ចព្រមព្រៀងនានា

image


ញូវយ៉ក់៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាក្រៅផ្លូវការជាមួយ ឯកឧត្តម Sugiono រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥ អំឡុងពេលនៃកិច្ចពិភាក្សាទូទៅនៃ មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៨០ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក។
លោករដ្ឋមន្ត្រីការបរទេសទាំងពីរ បានឆ្លៀតឱកាសជួបគ្នាម្ដងទៀត បន្ទាប់ពីកិច្ចប្រជុំទ្វេភាគី នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៨ និងកិច្ចប្រជុំពាក់ព័ន្ធ កាលពីខែកក្កដា នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រាបជូនភាគីមិត្ត អំពីបច្ចុប្បន្នភាពនៃជម្លោះព្រំដែនកម្ពុជា-ថៃ។ លោកបានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបន្ធូរបន្ថយភាពតានតឹង កសាងឡើងវិញនូវទំនុកចិត្ត អនុវត្តឱ្យបានពេញលេញនិងដោយសុទ្ធចិត្តចំពោះកិច្ចព្រមព្រៀងនានា ដើម្បីឆ្ពោះទៅរកប្រក្រតីភាពនៃទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-ថៃ៕
អត្ថបទ៖ សន ពិសិដ្ឋ