សេដ្ឋកិច្ច

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជា ចូលរួមពិព័រណ៍ផលិតផលខ្មែរ ក្រោមប្រធានបទ «ខ្មែរធ្វើបាន» ដែលរៀបចំដោយ ស.ស.យ.ក

image

ភ្នំពេញ៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន នារសៀលថ្ងៃទី ២៦ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាពាណិជ្ជកម្មកម្ពុជាអញ្ជើញចូលរួមពិធីបើកសម្ពោធពិព័រណ៍ផលិតផលខ្មែរ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)។

ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

ពិព័រណ៍ផលិតផលខ្មែរ ដ៏ធំនេះ មានស្តង់តាំងបង្ហាញផលិតផលចំនួន ២៨៣ស្តង់ ជាមួយមុខទំនិញ និងសេវាកម្ម រាប់រយមុខ ដែលរាប់ចាប់តាំងពីម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារប្រើប្រាស់ គ្រឿងសំអាង និងគ្រឿងអេឡិចត្រូនិក ដោយមានអ្នកចូលរួមទស្សនា និងទិញទំនិញយ៉ាងច្រើនកុះករ។

ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ ដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖ «ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត»។

គួរបញ្ជាក់ថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរនេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងងាកមកគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ស្ថានភាពនេះត្រូវបានគេមើលឃើញថា នឹងជួយលើកស្ទួយឧស្សាហកម្មក្នុងស្រុក ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស, កាត់បន្ថយការពឹងផ្អែកផលិតផលនាំចូល និងជំរុញឯករាជ្យភាពសេដ្ឋកិច្ចកម្ពុជា៕