ពិព័រណ៍ផលិតផលខ្មែរ ដែលមានស្តង់តាំងបង្ហាញផលិតផលជិត ៣០០ស្តង់ ត្រូវបានបើកសម្ពោធជាផ្លូវការ ជាមួយវត្តមានអ្នកចូលរួមទស្សនា និងទិញទំនិញយ៉ាងច្រើនកុះករ

ភ្នំពេញ៖ ពិព័រណ៍ផលិតផលខ្មែរ ដែលជាព្រឹត្តិការណ៍ដ៏ធំ មានការដាក់តាំងបង្ហាញមុខទំនិញ និងសេវាកម្មក្នុងស្រុករាប់រយមុខ ដែលរាប់ចាប់តាំងពីម្ហូបអាហារ គ្រឿងឧបភោគបរិភោគ ភេសជ្ជៈ សម្ភារប្រើប្រាស់ គ្រឿងសំអាង និងគ្រឿងអេឡិចត្រូនិក ដែលមានរយៈពេល ៣ថ្ងៃ ត្រូវបានបើកសម្ពោធជាផ្លូវការនារសៀលថ្ងៃនេះ ជាមួយអ្នកចូលរួមទស្សនាយ៉ាងច្រើនកុះករ។
ពិធិសម្ពោធកម្មវិធីពិធព័រណ៍ផលិតផលខ្មែរនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហផាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ ស.ស.យ.ក និងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នជំនាញរបស់រដ្ឋាភិបាល ព្រមទាំងតំណាងវិស័យឯកជន ដឹកនាំដោយអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។
ព្រឹត្តិការណ៍ពិព័រណ៍ផលិតផលខ្មែរនេះ ត្រូវបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក» ដែលមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៨ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។ ពិព័រណ៍នេះ មានស្តង់តាំងបង្ហាញផលិតផលចំនួន ២៨៣ស្តង់ (ស្តង់របស់អាជីវករខ្មែរ មានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់)។
ថ្លែងក្នុងពិធីបើកពិព័រណ៍ផលិតផលខ្មែរនេះលោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកឡើងថា កម្មវិធីពិព័រណ៍ផលិតផលខ្មែរដែលរៀបចំឡើងដោយ ស.ស.យ.ក. នាឱកាសនេះ ជាវេទិកាដ៏សំខាន់ដែលបង្ហាញពីសមត្ថភាព និងសក្ដានុពលរបស់កម្ពុជាទាំងពេលបច្ចុប្បន្ន និងអនាគតជុំវិញពាក្យគន្លឹះថា «ខ្មែរធ្វើបាន»។ ដូច្នេះ ពិព័រណ៍ផលិតផលខ្មែរ គឺលើសពីកម្មវិធីតាំងពិព័រណ៍ ប៉ុន្តែជាវេទិកាប្រមលផ្ដុំសំឡេងតែមួយ ឆន្ទៈតែមួយ ក្នុងការចូលរួម ជំរុញ គាំទ្រ ផលិតផលក្នុងស្រុក។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឆន្ទៈ មនសិការ និងការចូលរួមប្រជាជននៅក្នុងកម្មវិធីពិព័រណ៍នេះ ជាកម្លាំងចិត្តដ៏ធំធេង និងមិនអាចកាត់ថ្លៃបានសម្រាប់ផលិតករ អាជីវករ និងសេវាករទាំងអស់ក្នុងការប្រឹងប្រែងពង្រឹងសមត្ថភាពផលិតកម្មរបស់ខ្លួន ដែលជាការមួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចម្រើន។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា៖ «ស្មារតីគាំទ្រ ស្មារតីសាមគ្គីភាព និងការរួបរួមគ្នា មិនមែនមានតែក្នុងស្ថានភាពនេះទេ ប៉ុន្តែត្រូវបន្តមានជារៀងរហូត»។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលបានប្រឹងប្រែងរៀបចំកម្មវិធីនេះឡើង ព្រមទាំងថ្លែងអំណរគុណចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ ម្ចាស់ឧបត្ថភម្ភទាំងវិស័យរដ្ឋ និងឯកជន ដែលបានចូលរួមចំណែកឱ្យព្រឹត្តិការណ៍នេះ អាចដំណើរការទៅបាន ព្រមទាំងគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមរបស់ ស.ស.យ.ក. ក្នុងការរៀបចំកម្មវិធី ព្រឹត្តិការណ៍ វេទិកានានាកន្លងមក។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានបានលើកទឹកចិត្តឱ្យផលិតករក្នុងស្រុក ខិតខំពង្រឹងសមត្ថភាពផលិតកម្ម បង្កើនសេវាកម្មសប្បូរបែប ដោយគិតគូរទាំងបរិមាណ និងគុណភាព និងបង្កើនការប្រើប្រាស់រាល់វត្ថុធាតុដើមក្នុងច្រវាក់ផលិតកម្មរបស់ខ្លួន ហើយ ស.ស.យ.ក នឹងប្ដេជ្ញារៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរឱ្យបានរាល់ឆ្នាំ និងមានភាពទាក់ទាញ ដើម្បីជាប្រយោជន៍ដល់ផលិតករ សេវាករ អ្នកប្រើប្រាស់ រួមទាំងសម្រាប់សង្គមជាតិកម្ពុជាទាំងមូលស្របតាមបុព្វហេតុ និងបេសកម្មរបស់ ស.ស.យ.ក.។
សូមជម្រាបថា ការរៀបចំពិព័រណ៍ផលិតផលខ្មែរនេះ ស្របពេលដែលប្រជាពលរដ្ឋកម្ពុជាកំពុងងាកមកគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា ចាប់តាំងពីមានជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ស្ថានភាពនេះត្រូវបានគេមើលឃើញថា នឹងជួយលើកស្ទួយឧស្សាហកម្មក្នុងស្រុក ឲ្យកាន់តែរីកចម្រើនយ៉ាងឆាប់រហ័ស, កាត់បន្ថយការពឹងផ្អែកផលិតផលនាំចូល និងជំរុញឯករាជ្យភាពសេដ្ឋកិច្ចកម្ពុជា៕
អត្ថបទ៖ វង សុភ័ក្ត្រ











