ព័ត៌មានជាតិ

សម្ដេចបវរធិបតីលើកទឹកចិត្តដល់ធនាគារអភិវឌ្ឍន៍អាស៊ី ADB បន្តសហការជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាន នូវគោលដៅអភិវឌ្ឍថ្មីៗបន្ថែមទៀត

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីការបន្តគាំទ្រ របស់រាជរដ្ឋាភិបាលកម្ពុជា និងបានលើកទឹកចិត្តដល់ធនាគារ ADB បន្តសហការឱ្យកាន់តែល្អប្រសើរថែមទៀត ជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍថ្មីៗ បន្ថែមទៀត ។ ការលើកឡើងបែបនេះក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Jyotsana Varma នាយិកាស្ថានតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

លោកស្រីនាយិកាបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ទំនុកចិត្ត និងគាំទ្រ ដល់ភាពជាដៃគូដ៏រឹងមាំរវាងធនាគារ ADB និងកម្ពុជា ព្រមទាំងបានសម្តែងការពេញចិត្ត និង វាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ កម្ពុជា ។

លោកស្រីនាយិកាក៏បានបង្ហាញ នូវសេចក្ដីសោមនស្សរីករាយដែលបានពង្រឹងភាពជាដៃគូរវាងធនាគារ ADB និង កម្ពុជា ក្នុងការចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ លោកស្រីនាយិកាបានគោរពជម្រាបជូនសម្តេចបវរធិបតីអំពីសមិទ្ធផលនានា និង គម្រោងមួយចំនួនដែលកំពុងបន្តអនុវត្ត ក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងធនាគារ ADB និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ លើវិស័យអាទិភាពនានា រួមមានជាអាទិ៍៖ វិស័យអប់រំ, ធនធានទឹក, កសិកម្ម, ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍជនបទ ជាដើម។

សម្តេចបវរធិបតីបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកយ៉ាងសកម្មរបស់លោកស្រីនាយិកា និងបានកោតសរសើរចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងធនាគារ ADB និង កម្ពុជា។ សម្តេចបវរធិបតីបានអបអរសាទរចំពោះលោកស្រីនិយាកា ដែលបានបញ្ចប់បេសកកម្មការងារនៅកម្ពុជាប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណដល់ធនាគារ ADB ដែលតែងតែគាំទ្រដល់កម្ពុជា ទាំងក្នុងការរៀបចំផែនការ, ក្របខណ្ឌយុទ្ធសាស្ត្រ, និង គោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ក៏ដូចជាការគាំទ្រលើវិស័យអាទិភាពរបស់កម្ពុជា ជាពិសេស ការជួយគាំទ្រកម្ពុជាក្នុងការរៀបចំចាកចេញពីប្រទេសមានការអភិវឌ្ឍតិចតួច (LDC Graduation) នៅឆ្នាំ២០២៩ ខាងមុខ ៕