ព័ត៌មានជាតិ

ប្រតិភូសភាសហរដ្ឋអាមេរិកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

គណៈប្រតិភូសភាសហរដ្ឋអាមេរិក បានលើកឡើងពីការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាព នៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនាពេលនេះមានគោលបំណងរួមចំណែកពង្រឹងទំនាក់ទំនងទ្វេភាគី ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។ នេះជាការលើកឡើងរបស់ឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington ក្នុងឱកាសដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូសភាសហរដ្ឋអាមេរិក ដឹកនាំដោយឯកឧត្តម Adam Smith សមាជិកសភាប្រចាំរដ្ឋ Washington រួមដំណើរដោយឯកឧត្តម Michael Baumgartner សមាជិកសភាប្រចាំរដ្ឋ Washington និងលោកជំទាវ Chrissy Houlahan សមាជិកសភាប្រចាំរដ្ឋ Pennsylvania ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅវិមានសន្តិភាព។

ជាមួយគ្នានេះគណៈប្រតិភូសភាអាមេរិកក៏បានកោតសរសើរចំពោះជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
សម្តេចបវរធិបតីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសភាអាមេរិកដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ។ សម្តេចបវរធិបតីបានសម្តែង នូវការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ លើវិស័យជាច្រើន ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរ។

សម្តេចបវរធិបតី និងគណៈប្រតិភូសភាអាមេរិក ក៏បានពិភាក្សានិងផ្លាស់ប្តូរយោបល់គ្នា ដើម្បីស្វែងរកកាលានុវត្តភាពថ្មីៗ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមានជាអាទិ៍៖ សេដ្ឋកិច្ច, វិនិយោគ, ការពារជាតិ, សន្តិសុខ និងអប់រំ ជាដើម។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតីបានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានាធិបតី Donald J. Trump ដែលបានសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ បានឆាប់រហ័ស ដែលបានជួយសង្គ្រោះអាយុជីវិតមនុស្សជាច្រើន និងបានជម្រាបជូនគណៈប្រតិភូសភាអាមេរិកអំពីបច្ចុប្បន្នភាពស្តីពីការវិវឌ្ឍនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ ព្រមទាំងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយភាគីថៃ ដោយសន្តិវិធី, ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី, អនុសញ្ញា, និង សន្ធិសញ្ញា ដែលមានស្រាប់ និងច្បាប់អន្តរជាតិ៕