ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ឆ្នាំ២០២៥ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន ដែលមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធ​ ផ្លែផ្កាគ្រប់វិស័យ ឆ្លុះបញ្ចាំងពីសាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ រួមទាំងពាណិជ្ជកម្ម

image

ភ្នំពេញ៖ សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ថ្លែងថា ឆ្នាំ២០២៥ នេះ ជាឆ្នាំពិសេសនៃទំនាក់ទំនងកម្ពុជា-ចិន៖ ទី១ ជាខួប ១៥ ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន, ទី២ ទស្សនកិច្ចផ្លូវរដ្ឋប្រកបដោយផ្លែផ្កា របស់ប្រធានាធិបតី ស៊ី ជីងពីង នៅកម្ពុជា កាលពីខែមេសាកន្លងទៅ, ទី៣ ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅប្រទេសចិន នាដើមខែកញ្ញានេះ, ទី៤ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំកំពូល អង្គការសហប្រតិបត្តិការសៀងហៃបូក នៅទីក្រុងធានជីន កាលពីចុងខែ សីហាកន្លងទៅ និងទី៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន ។

ការថ្លែងបែបនេះធ្វើឡើងនាឱកាសដែល សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា អញ្ជើញចូលរួមក្នុងពីធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នាសណ្ឋាគារសុខារ៉េស៊ីដង់ ភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា និងវត្ដមានរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្រោមបរិយាដ៏អធិកអធម។

សម្ដេចតេជោ ហ៊ុន សែន ថ្លែងបន្ដថាការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត និងគ្រប់វិស័យរវាងប្រទេសទាំងពីរ បានរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើនទំនុកចិត្តនយោបាយ និងកិច្ចសហ ប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានធ្វើឱ្យចំណងមិត្តភាព កម្ពុជា-ចិនកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ ។

ក្នុងឱកាសទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតី ស៊ី ជីងពីង ប្រទេសទាំងពីរបានឯកភាព លើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ទៅដល់កំរិតថ្មីមួយទៀត គឺសំរាប់គ្រប់រដូវកាល ដែលឆ្លុះបញ្ចាំងពីទំនាក់ទំនង ដ៏រឹងមាំ សក្តិសមទៅនឹងមិត្តភាពដែកថែប ដោយផ្អែកលើគោលការណ៍ ស្មើភាពគ្នា ការគោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ។

ជាមួយគ្នានេះប្រទេសទាំងពីរបាននិងកំពុងខិតខំធ្វើការរួមគ្នា ដើម្បីបង្កើនទំហំ ពាណិជ្ជកម្ម ការវិនិយោគ និងខ្សែច្រវាក់ផ្គត់ផ្គង់ ជាពិសេសការបង្កើនការនាំចេញ ទំនិញកសិផលបន្ថែមទៀតពីកម្ពុជាចូលទៅក្នុងទីផ្សារចិន ស្របជាមួយ កំណើនទំហំពាណិជ្ជកម្មទ្វេភាគី និងការកើនឡើងជាលំដាប់ នៃទំហំ វិនិយោគរបស់មិត្តចិននៅកម្ពុជា ។

ទន្ទឹមនេះ សម្ដេចលើកទឹកចិត្តក្រសួង/ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ សហការគ្នាយ៉ាងជិតស្និទ្ធ ក្នុងការរៀបចំសកម្មភាពអោយបានផុសផុល ដើម្បី អនុវត្តឆ្នាំទេសចរណ៍កម្ពុជា-ចិន ក្នុងគោលបំណងជំរុញទេសចរចិននៅកម្ពុជា ឡើងវិញ បង្កើនជើងហោះហើរត្រង់បន្ថែមទៀតរវាងខេត្ត-ក្រុងនៃប្រទេសទាំងពីរ ក៏ដូចជាជំរុញការផ្លាស់ប្តូរប្រជាជន និងប្រជាជនឱ្យកាន់តែខ្លាំងក្លា ។

សម្ដេចតេជោថ្លែងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងលើកទឹកចិត្តស្ថាប័នពាក់ពន្ធ័នៃប្រទេសទាំងពីរ បន្តសហការគ្នាពង្រឹងមិត្តភាពដែកថែប រួមគ្នាអភិវឌ្ឍ កិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ អនុវត្ត “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀង មច្ឆា និងអង្គរ” អោយបានជោគជ័យ និងពន្លឿនការបន្សំគ្នារវាងគំនិត ផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី ឆ្ពោះទៅសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម និងរូបហ្វិក៖​ អ៊ុន​ ផាណាត់