សម្ដេចតេជោ ហ៊ុន សែន អបអរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេស យ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន

ភ្នំពេញ៖ សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា ថ្លែងថាក្នុងរយៈពេល ៧៦ ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យ និងអបអរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេស យ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិនដែលមាន ប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល។
ការថ្លែងបែបនេះធ្វើឡើងនាឱកាសដែល សម្ដចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា អញ្ជើញចូលរួមក្នុងពីធីជប់លៀងអបអរសាទរខួបអនុស្សាវរីយ៍លលើកទី៧៦ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន នៅល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នាសណ្ឋាគារសុខារ៉េស៊ីដង់ ភ្នំពេញ ដែលរៀបចំឡើងដោយស្ថានទូតចិនប្រចាំកម្ពុជា និងវត្ដមានរបស់លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាក្រោមបរិយាកាសដ៏អធិកអធម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្នុងរយៈពេល ៧៦ ឆ្នាំ ប្រទេសចិនសម្រេចបានសមិទ្ធផលយ៉ាងធំធេង លើគ្រប់វិស័យ និងបានជំនះឧបសគ្គព្រមទាំងបញ្ហាប្រឈមនានា ប្រកបដោយ ជោគជ័យ ក្នុងដំណើរការកសាងប្រទេស ។ ប្រទេសចិនបានក្លាយជាមជ្ឈមណ្ឌល សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ផលិតកម្ម ឧស្សាហកម្ម វិទ្យាសាស្ត្រ និងនវានុវត្តន៍របស់ពិភពលោក ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការ ជំរុញកំណើនសេដ្ឋកិច្ចរបស់តំបន់ និងពិភពលោក ។
សម្ដេចតេជោ ថ្លែងអបអរមិត្តចិន ដែលសម្រេចបានការអភិវឌ្ឍប្រទេស យ៉ាងលឿនបំផុត ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ដែលមាន ឯកឧត្តម ប្រធានាធិបតី ស៊ី ជីនពីង ជាស្នូល រួមមាន៖ ការសម្រេចគោលដៅ ១០០ ឆ្នាំទី១ នៅឆ្នាំ២០២១ កំណើនសេដ្ឋកិច្ច ៥% នៅឆ្នាំ២០២៤ ហើយសម្ដេចមានសុទិដ្ឋិនិយមថា ចិននឹងសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់នៅឆ្នាំ២០២៥ នេះ និង គោលដៅ១០០ឆ្នាំទី២ នៅឆ្នាំ២០៤៩ ដើម្បីប្រែក្លាយទៅជាប្រទេសសង្គមនិយម ដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខដុមរមនា ។
ឆ្លៀតឱកាសនេះផងដែរ សម្ដេចតេជោអរគុណ ចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងគាំទ្រមាគ៌ា អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់កម្ពុជាស្របតាមលក្ខខណ្ឌជាតិរបស់ខ្លួន ផ្តល់ជំនួយ អភិវឌ្ឍន៍ និងឧបត្ថម្ភគាំទ្រលើវិស័យនានា រួមមានហេដ្ឋារចនាសម្ព័ន្ធ វិស័យ ដឹកជញ្ជូន និងថាមពលជាដើម ជាពិសេសការគាំទ្រចំពោះគម្រោងគ្រប់គ្រង ធនធានទឹកចម្រុះហ្វូណនតេជោ ។
សូមជម្រាបថា ប្រទេសចិន គឺជាដៃគូពាណិជ្ជកម្ម វិនិយោគ ជាអ្នកផ្តល់ជំនួយដ៏ធំ និងជាប្រទេសនាំមុខដែលបានជួយដល់ការអភិវឌ្ឍមូលធនមនុស្សសម្រាប់កម្ពុជា។ ជំនួយដ៏ច្រើននេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជន កម្ពុជា៕
អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ប៉ក់ សុឃីម, អ៊ុន ផាណាត់








