ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានី បើកពិពណ៌ផលិតផលខ្មែរ ដើម្បីជំរុញការគាំទ្រផលិតផលក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋខ្មែរ

image

ភ្នំពេញ៖ ពិពណ៌ផលិតផលខ្មែរ(ខ្មែរធ្វើបាន) បានចាប់ផ្តើមបើកជាផ្លូវការក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) នារសៀលថ្ងៃទី២៦ ខែកញ្ញានេះ នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ។

កម្មវិធីពិព័រណ៍ នឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺនៅថ្ងៃទី២៦ ទី២៧ និងទី២៨ នៅសាលពិព័រណ៍កោះពេជ្រ (អគារ G-L) ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរ មានចំនួន ២២៩ស្តង់ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់។

លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍បញ្ជាក់ថា ព្រឹត្តិការណ៍ពិព័រណ៍ផលិតខ្មែរ “ខ្មែរធ្វើបាន៖ ចូលរួមជំរុញ គាំទ្រផលិតផលក្នុងស្រុក” មានគោលដៅសំខាន់ជំរុញការគាំទ្រផលិតខ្មែរ បង្ហាញទៅកាន់ប្រជាពលរដ្ឋខ្មែរ ឱ្បបានដឹងពីអ្វីដែលកម្ពុជា បាននិងកំពុងផលិតបាន។ លើសពីនេះ វាក៏ជាព្រឹត្តិការណ៍បង្ហាញពីការរួបរួមសាមគ្គីរបស់មហាគ្រួសារខ្មែរ។

ពិព័រណ៍ផលិតផលខ្មែរ រៀបចំឡើងក្នុងគោលបំណង គឺជាវេទិកាក្នុងការប្រមូលផ្តុំ និងសម្រួចស្មារតីស្នេហាជាតិ រួមគ្នាជាសំឡេងតែមួយបង្ហាញសមត្ថភាព និងសក្តានុពលរបស់កម្ពុជា និងពួតដៃសាមគ្គីគ្នាជឿជាក់លើរាជរដ្ឋាភិបាល និងកងម្លាំងប្រដាប់អាវុធក្នុងការដោះស្រាយបញ្ហាជម្លោះ។

លោកឧបនាយករដ្ឋមន្ត្រី បញ្ជាក់ទៀតថា ពិព័រណ៍នេះ ក៏ជាវេទិកាចែករំលែកពីចំណេះដឹងបទ ពិសោធ និងទស្សនៈពីភាគីពាក់ព័ន្ធនានា ដើម្បីយល់ដឹងបន្ថែមពីផលប៉ះពាល់ នៃស្ថានភាពបច្ចុប្បន្ន និងយល់កាន់តែស៊ីជម្រៅបន្ថែមនូវអ្វីដែលជាប្រយោជន៍ជាតិក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ជាមួយគ្នានេះ គឺចូលលរួមជំរុញគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលជាកត្តាចាំបាច់ដើម្បីពង្រឹងសមត្ថភាពផលិតកម្មក្នុងស្រុក ក្រោមស្មារតី «ខ្មែរធ្វើបាន» បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋខ្មែរ និងជំរុញចរន្តសេដ្ឋកិច្ចជាតិ។ ផ្តល់ឱកាសដល់អាជីវករពាណិជ្ជករ សហគ្រិន និងក្រុមហ៊ុនក្នុងស្រុក តាំងបង្ហាញ និងផ្សព្វផ្សាយពីផលិតផលរបស់ខ្លួន និងធ្វើអន្តរកម្មជាមួយដៃគូអាជីវកម្ម។

ពិព័រណ៍ផលិតខ្មែរនេះ រៀបចំឡើងស្របពេលដែល ប្រជាពលរដ្ឋកម្ពុជាកំពុងការគាំទ្រផលិតក្នុងស្រុកយ៉ាងខ្លាំងក្លា៕

អត្ថបទ៖ វង សុភ័ក្ត្រ