លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចូលរួមទស្សនាកម្មវិធីពិព័រណ៍ ដើម្បីចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាថ្ងៃទី១នៃពិព័រណ៍ផលិតផលខ្មែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (UYFC) នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ (អគារ G-L) ។
កម្មវិធីពិព័រណ៍នេះ ត្រូវបានរៀបចំឡើង និងប្រព្រឹត្តទៅក្នុងរយៈពេល ៣ថ្ងៃ គឺថ្ងៃទី២៦ ២៧ និងទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងផ្តោះផ្តងចំណេះដឹង បទពិសោធន៍ និងបង្ហាញភោគផលកសិកម្មដែលមានទាំងសត្វនិងបន្លែផ្លែឈើ ផលិតផលឧស្សាហកម្ម ស្នាដៃសិប្បកម្ម គ្រឿងអេឡិចត្រូនិក បច្ចេកវិទ្យា និងសម្ភារៈប្រើប្រាស់ជាច្រេីនទៀត ដែលសុទ្ធតែជាស្នាដៃរបស់កូនខ្មែរប្រកបដោយមោទនភាព។
តាមរយៈកម្មវិធីនេះ សបញ្ជាក់ឱ្យឃើញថា ខ្មែរធ្វើបាន ខ្មែរអាចរស់បានដោយខ្លួនឯង ខ្មែរមានសមត្ថភាពក្នុងការផលិត ចែកចាយ និងនាំចេញ ដោយមិនចាំបាច់ពឹងដង្ហើមរបស់ប្រទេសណាមួយមកដក បន្ថែមពីលើនេះគឺរស់នៅក្នុងទំនាក់ទំនងការទូតដោយសមភាព ត្រឹមត្រូវតាមច្បាប់ និងការជួយទ្រទ្រង់សេដ្ឋកិច្ចគ្នាទៅវិញទៅមក។
ភាពសាមញ្ញ ការយកចិត្តទុកដាក់ និងការចូលរួមលើកទឹកចិត្ត និងលើកកម្ពស់ស្នាដៃសង្គមកម្ពុជារបស់ស្ត្រីទី១ នៃព្រះរាជាណាចក្រកម្ពុជា គឺជាគំរូនៃភាពជាអ្នកដឹកនាំ ភាពរឹងមាំរបស់ស្ត្រីក្នុងសកម្មភាពសង្គម និងជាមេរៀនដែលយុវជន ជាពិសេសយុវនារីគ្រប់ៗគ្នាត្រូវរៀនសូត្រតាម។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ ចូលរួមទស្សនាកម្មវិធីនេះ "ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ" (អគារ G-L) ដោយមានស្តង់ចំនួន ២៨៣ស្តង់ ក្នុងនោះស្តង់របស់អាជីវករខ្មែរមានចំនួន ២២៩ និងស្តង់ដៃគូសហការរៀបចំព្រឹត្តិការណ៍ពិព័រណ៍មានចំនួន ៥៤ស្តង់ ដើម្បីលើកទឹកចិត្តដល់ផលិតករខ្មែរ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក៕




















