ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីអាម៉េរិក ជួបប្រជុំជាមួយមេដឹកនាំតួកគីយ៉េ ដើម្បីពិភាក្សាបញ្ហាសកល និងទំនាក់ទំនងទ្វេភាគី

image


សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ ទី ២៥ ខែកញ្ញា បានជួបទទួលស្វាគមន៍សមភាគីតួកគីយ៉េ លោក រ៉េហ្ស៊ីប ថាយយីប អឺដូហ្គង់ (Recep Tayyip Erdogan) នៅឯសេតវិមាន ដោយនេះគឺជាដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់លោក អឺដូហ្គង់ ចាប់តាំងពីឆ្នាំ២០១៩ ។

របៀបវារៈសំខាន់ៗនៅក្នុងជំនួបនេះ ផ្ដោតលើបញ្ហានានា រួមមានស្ថានភាពនៅតំបន់ហ្គាហ្សា, កិច្ចសហប្រតិបត្តិការការពារជាតិ, ជម្លោះសកល និងទំនាក់ទំនងផ្ទាល់ខ្លួន ។

ក្នុងចំណោមនោះ បញ្ហានៅតំបន់ហ្គាហ្សា គឺជារបៀបវារៈដ៏សំខាន់មួយ ដោយលោក ត្រាំ បានថ្លែងថា សហរដ្ឋអាម៉េរិក «ជិតឈានដល់កិច្ចព្រមព្រៀងមួយហើយ» ដែលអាចឆ្ពោះទៅរកបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអ៊ែល។ ទន្ទឹមនឹងនោះដែរ មេដឹកនាំទាំងពីរបានជៀសវាងការប៉ះទង្គិចគ្នាជាសាធារណៈលើទស្សនៈខុសគ្នាទាក់ទងនឹងអ៊ីស្រាអ៊ែល ប៉ុន្តែគេរំពឹងថា បញ្ហាជម្លោះនេះអាចនឹងបន្តដោះស្រាយដោយផ្ទាល់នៅក្នុងកិច្ចប្រជុំបិទទ្វារ ។

ស្របពេលទំនាក់ទំនងការពារជាតិអាម៉េរិក-តួកគីយ៉េឯណោះវិញ លោក ត្រាំ បានបញ្ជាក់ជាសញ្ញាថា លោកអាចនឹងលុបចោលទណ្ឌកម្មលើឧស្សាហកម្មការពារជាតិរបស់តួកគីយ៉េក្នុងពេលឆាប់ៗនេះ និងបើកការចរចាឡើងវិញស្តីពីការលក់យន្តហោះចម្បាំងទំនើប រួមមានទាំង F-16 និងអាចជា F-35 ដែលត្រូវជាប់គាំងចាប់តាំងពីតួកគីយ៉េ បានទិញប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី។ ជាមួយគ្នានោះ លោក អឺដូហ្គង់ បានសម្តែងក្តីសង្ឃឹមក្នុងការនាំយកទំនាក់ទំនងរវាងភាគីទាំងពីរ ទៅកាន់កម្រិតមួយដែលល្អជាងពីមុន ។

ជាងនេះទៀត មេដឹកនាំទាំងពីរបានពិភាក្សាអំពីជម្លោះសកលផ្សេងទៀត ដោយលោក ត្រាំ បានជំរុញប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពុទីន ឱ្យបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន និងបានកត់សម្គាល់ថា ស៊ីរី កំពុងឈានចូលដំណាក់កាលថ្មីមួយ បន្ទាប់ពីការដួលរលំរបស់លោក បាសា អាល់អាសាដ ដោយសន្យាថា នឹងមានសេចក្តីប្រកាសដ៏ធំមួយលើប្រទេសនេះ ។

ពាក់ព័ន្ធនឹងទំនាក់ទំនងផ្ទាល់ខ្លួនវិញ ទោះបីជាកិច្ចប្រជុំភាគច្រើនបានសង្កត់ធ្ងន់លើកិច្ចព្រមព្រៀង និងកិច្ចការទូតនាពេលអនាគតក៏ដោយ ក៏ទាំងលោក ត្រាំ និងលោក អឺដូហ្គង់ បានស្វែងរកការគូសបញ្ជាក់ពីចំណងនៃទំនាក់ទំនងផ្ទាល់ខ្លួន និងបង្ហាញពីការរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញ បន្ទាប់ពីមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY/ AP/ Al Jazeera | រូបភាព-Photo៖ Foxnews/ Daily Sabah