ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអង់គ្លេស គ្រោងដំណើរការអត្តសញ្ញាណប័ណ្ណឌីជីថលថ្មី ដើម្បីគ្រប់គ្រងអន្តោប្រវេសន៍ខុសច្បាប់

image


អង់គ្លេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក គែរ ស្តារមើរ (Keir Starmer) កំពុងត្រៀមប្រកាសផែនការរៀបចំឱ្យមានអត្តសញ្ញាណប័ណ្ណឌីជីថលថ្មីដែលចេញដោយរដ្ឋាភិបាល ឬហៅថា ប្រ៊ីតកាត (Brit card) សម្រាប់មនុស្សពេញវ័យទាំងអស់នៅក្នុងចក្រភពអង់គ្លេស ។

គោលបំណងក្នុងការដាក់ឱ្យប្រើប្រាស់អត្តសញ្ញាណប័ណ្ណឌីជីថលថ្មីនេះ គឺដើម្បីរឹតបន្តឹងចំពោះការគ្រប់គ្រងលើអន្តោប្រវេសន៍ ដោយផ្តល់ភស្តុតាងជាក់លាក់ក្នុងការបញ្ជាក់ពីសិទ្ធិរស់នៅ និងធ្វើការនៅក្នុងចក្រភពអង់គ្លេស ។

ទោះជាបែបណាក៏ដោយ សំណើចុងក្រោយនេះ នឹងត្រូវឆ្លងកាត់ការពិគ្រោះយោបល់ និងទាមទារច្បាប់ថ្មី មុននឹងអាចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ។ គោលការណ៍នៃប្រព័ន្ធថ្មីនេះ នឹងជំនួសការត្រួតពិនិត្យនាពេលបច្ចុប្បន្ន ដែលភាគច្រើនពឹងផ្អែកលើឯកសាររូបវន្ត (ក្រដាស កាត ឬសៀវភៅ) ដែលងាយនៅក្នុងការក្លែងបន្លំ ។

ក្នុងនោះ និយោជកដែលជ្រើសរើសបុគ្គលិកថ្មី នឹងតម្រូវឱ្យធ្វើការត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណឌីជីថលនេះ ជាមួយនឹងមូលដ្ឋានទិន្នន័យកណ្តាល ឬ Central database ដែលនឹងជួយសម្រួលដល់អាជ្ញាធរក្នុងការកំណត់អត្តសញ្ញាណ និងទប់ស្កាត់ការធ្វើការងារដោយខុសច្បាប់ ។

លើសពីនេះ អាជ្ញាធរអនុវត្តច្បាប់អន្តោប្រវេសន៍ក៏អាចប្រើប្រាស់ប្រព័ន្ធថ្មីនេះ ដើម្បីតាមដានរកអ្នកដែលគ្មានសិទ្ធិស្របច្បាប់ក្នុងការធ្វើការងារផងដែរ។ ដោយឡែក ក្រុមអ្នករិះគន់ឯណោះវិញ ជាពិសេសក្រុមការពារសេរីភាពស៊ីវិល បានព្រមានថា ប្រព័ន្ធថ្មីនេះ អាចនឹងបង្កជាហានិភ័យធ្ងន់ធ្ងរដល់ឯកជនភាព និង សន្តិសុខទិន្នន័យរបស់ប្រជាពលរដ្ឋ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Sky News/ Yahoo News UK/ The Economic Times | រូបភាព-Photo៖ Getty Image/ Labour Together