អេក្វាឌ័រ ពង្រឹងទីផ្សារផ្លែចេកទៅកាន់ប្រទេសចិន ក្រោយប្រឈមពន្ធ ១៥% ពីសហរដ្ឋអាម៉េរិក

អេក្វាឌ័រ-ចិន៖ ការនាំចេញផ្លែចេករបស់ប្រទេសអេក្វាឌ័រទៅកាន់ប្រទេសចិន បានកើនឡើង ៣៧.៦៧% ដោយគិតចាប់ពីចន្លោះខែមករា រហូតដល់ខែកក្កដា ឆ្នាំ ២០២៥ ដែលធ្វើឱ្យចិន ក្លាយជាទីផ្សារផ្លែចេកដ៏សំខាន់ក្នុងតំបន់អាស៊ី ។
កំណើននាំចេញដ៏គួរឱ្យកត់សម្គាល់នាពេលនេះ កើតមានឡើងបន្ទាប់ពីសហរដ្ឋអាម៉េរិកបានកំណត់អត្រាពន្ធគយ ១៥% លើទំនិញនាំចេញពីប្រទេសអេក្វាឌ័រ ដែលជំរុញឱ្យប្រជាកសិករ និងអ្នកនាំចេញក្នុងប្រទេសនេះ ត្រូវតែស្វែងរកឱកាសនិងប្រភពទីផ្សារថ្មីៗ ។
អ្នកនាំចេញផ្លែចេក អះអាងថា ប្រទេសចិនបានផ្តល់ផលចំណេញច្រើនជាង និងឱ្យតម្លៃខ្ពស់លើគុណភាព បើប្រៀបធៀបទៅនឹងទីផ្សារផ្សេងទៀតដែលមិនសូវឱ្យតម្លៃលើផ្លែចេក។ កសិករនៅទីក្រុងម៉ាឆាឡា (Machala) បានបង្ហាញនូវការស្វាគមន៍ចំពោះការផ្លាស់ប្តូរទីផ្សារថ្មីនេះ ដោយជឿថា វានឹងជួយកសិករទទួលបានតម្លៃល្អប្រសើរ និងអាចទ្រទ្រង់ការងាររបស់ពួកគេជាបន្តទៀតបាន ។
លើសពីនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ ២០២៤ រវាងចិន និងអេក្វាឌ័រ កំពុងជំរុញពាណិជ្ជកម្មទ្វេភាគីបន្ថែមទៀត ដោយតម្រូវឱ្យកាត់បន្ថយពន្ធគយលើផ្លែចេកជាបណ្តើរៗរហូតដល់ ០% ក្នុងរយៈពេលដប់ឆ្នាំទៅមុខ ។
ដោយសារតែថ្លៃដើមទាប និងលទ្ធភាពទទួលបានទីផ្សារកាន់តែប្រសើរ កសិករអេក្វាឌ័រជឿជាក់ថា ទីផ្សារចិន ពិតជាមានសក្តានុពលខ្លាំងសម្រាប់កំណើនរយៈពេលវែង ខណៈដែលចេកនៅតែជាផលិតផលនាំចេញដ៏កំពូលមួយរបស់ប្រទេសអេក្វាទ័រ បន្ទាប់ពីបង្គា និងកាកាវ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព-Photo៖ Fruitnet/ Vecteezy

