ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ការព្យាបាលដោយចលនា គឺជាវិជ្ជាជីវៈមួយ ដែលមានសារៈសំខាន់ ក្នុងចំណោមសេវាវេជ្ជសាស្ត្រ ដែលបានរួមចំណែកក្នុងការព្យាបាលជំងឺឱ្យបានធូរស្បើយ

image


ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៥នេះ សមាគមពេទ្យព្យាបាលដោយចលនាកម្ពុជា បានរៀបចំពិធីបើកសន្និបាតជាតិព្យាបាលដោយចលនាលើកទី២៣ ក្រោមប្រធានបទសំខាន់ពីរ៖ «សុខភាពមនុស្សចាស់» និង «ការព្យាបាលដោយចលនា ដើម្បីស្តារលទ្ធភាពពលកម្ម» ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល,ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអ្នកពាក់ព័ន្ធជាច្រើនផ្សេងទៀត ដែលពិធីនេះប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ។

ក្នុងឱកាសនោះ លោក ហៀម ហឿង ប្រធានសមាគមពេទ្យព្យាបាលដោយចលនាកម្ពុជាបានលើកឡើងថា ប្រធានបទទាំងនេះឆ្លុះបញ្ចាំងនូវបញ្ហាប្រឈមជាក់ស្តែងនៅកម្ពុជា។ លោកបន្តថា តាមរបាយការណ៍ជាតិនានា ប្រទេសកម្ពុជាកំពុងឈានចូលសង្គមចាស់ ជរា ដោយមានប្រជាជនវ័យ ៦៥ ឆ្នាំឡើងទៅជាង ១.៣ លាននាក់ (ប្រហែល ៨-៩% នៃ ប្រជាជន)។ ការរីកចម្រើននៃជំងឺមិនឆ្លង ដូចជា ជំងឺបេះដូង សម្ពាធឈាមខ្ពស់ ទឹកនោមផ្អែម និងមហារីក ក៏កំពុងកើនឡើង និងជាហេតុដ៏សំខាន់នៃមរណភាព។ នេះជាកត្តាដែលបង្ហាញថា តម្រូវការសេវាព្យាបាលដោយចលនានឹងកាន់តែចាំបាច់។

លោកបន្តថា កម្លាំងពលកម្មវិជ្ជាជីវៈនៅកម្ពុជា នៅតែមានកម្រិតទាប។ បច្ចុប្បន្នគ្រូពេទ្យព្យាបាលដោយចលនាម្នាក់ ត្រូវបម្រើប្រជាជនប្រហែល ៣២,០០០ នាក់ ខណៈដែលអត្រាមធ្យមនៅអាស៊ីអាគ្នេយ៍ស្ថិតនៅប្រហែលម្នាក់មប្រើប្រជាជនប្រហែល ៥,០០០-៧,០០០ នាក់។

ជាមួយគ្នានេះ លោកវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ការព្យាបាលដោយចលនាគឺជាវិជ្ជាជីវៈមួយដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងចំណោមសេវាវេជ្ជសាស្ត្រ ក៏ដូចគួបផ្សំជាមួយនឹងវិជ្ជាជីវៈវេជ្ជសាស្ត្រ ជំនួយវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រទាំងឡាយ ដែលវិជ្ជាជីវៈនេះបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការព្យាបាលឱ្យបានធូរស្បើយ ឬជាសះស្បើយ ការពារ សម្របសម្រួល និងស្តារលទ្ធភាពពលកម្មដល់អ្នកជំងឺ និងជនមានពិការភាព ។

លោកបន្តថា ក្រសួងសុខាភិបាល បាននឹងបន្តការយកចិត្តទុកដាក់លើការកសាងសមត្ថភាពជំនាញផ្នែកព្យាបាលដោយចលនា ដែលក្នុងនោះមានដូចជាការបង្កើនការជ្រើសរើសនិស្សិតផ្នែកព្យាបាលដោយចលនា ឱ្យចូលរៀននៅសាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល  និងមានការជ្រើសរើស អ្នកជំនាញព្យាបាលដោយចលនាដើម្បីចូលបម្រើការក្នុងក្របខណ្ឌមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា ឬមន្ត្រីកិច្ចព្រមព្រៀងការងារ នៅតាមមន្ទីរពេទ្យជាតិ រាជធានី-ខេត្ត ទូទាំងប្រទេស តាមរយៈការប្រលងប្រជែង ជាដើម ។

បន្ថែមពីលើនោះ លោករដ្ឋលេខាធិការ ក៏បានកោតសរសើរសមាគមពេទ្យព្យាបាលដោយចលនា ដែលតែងតែខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយលើកកម្ពស់ នឹងបង្កើនគុណភាពនៃវិជ្ជាជីវៈព្យាបាលដោយចលនា តាមរយៈសកម្មភាពរបស់ខ្លួន ដូចជាការរៀបចំវគ្គសិក្សាខ្លីៗ រៀបចំសន្និបាតចែករំលែកបទពិសោធន៍រៀងរាល់ឆ្នាំផងដែរ៕

អត្ថបទ៖ គង់ វណ្ណៈ