ព័ត៌មានអន្តរជាតិ

លោកណេតាន់យ៉ាហ៊ូ នឹងថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅឯអង្គការសហប្រជាជាតិ

image


អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ (ទី២៥ ខែកញ្ញា) និយាយថា «នៅក្នុងសុន្ទរកថារបស់លោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិដែលនឹងមកដល់ឆាប់ៗនេះ លោកនឹងធ្វើការថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនកាលពីពេលថ្មីៗដោយប្រទេសមួយចំនួន» ។

មុនពេលលោកចេញដំណើរតាមយន្តហោះទៅកាន់សហរដ្ឋអាម៉េរិក ជាទីកន្លែងដែលលោកគ្រោងនឹងថ្លែងសុន្ទរកថានៅក្នុងមហាសន្និបាត នាទីក្រុងញូវយ៉ក នៅថ្ងៃសុក្រនេះ លោកណេតាន់យ៉ាហ៊ូ (Netanyahu) បានអះអាងជាថ្មីអំពីការបដិសេធរបស់លោក ចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។

នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលរូបនេះ ក៏បានប្រកាសផងដែរថា ដំណើរទស្សនកិច្ចរបស់លោក នឹងរួមបញ្ចូលនូវជំនួបពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ត្រាំ (Donald Trump) នៅក្នុងទីក្រុងវ៉ាស៊ីនតោន ។
ទន្ទឹមនឹងនោះ លោកប្រធានាធិបតីត្រាំ (Trump) និងលោកណេតាន់យ៉ាហ៊ូ (Netanyahu) បានថ្កោលទោសចំពោះការទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយមហាអំណាចលោកខាងលិច ដូចជា បារាំង និងអង់គ្លេស កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ព្រោះតែការទទួលស្គាល់នេះ ហាក់ក្លាយជាការផ្ដល់រង្វាន់សម្រាប់ក្រុមហាម៉ាស់ ។

គួររម្លឹកថា អ៊ីស្រាអ៊ែល ទទួលរងនូវការថ្កោលទោសជាសកល ចំពោះសង្រ្គាមរបស់ខ្លួននៅក្នុងតំបន់ហ្គាហ្សា ដែលអូសបន្លាយពេលជិតពីរឆ្នាំមកហើយ ដោយគ្មានសញ្ញាវិជ្ជមាននៃបទឈប់បាញ់ណាមួយឡើយ។ រហូតមកដល់ពេលបច្ចុប្បន្ន ជម្លោះនេះបានបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងធំធេង និងបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៦៥,០០០ នាក់ នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់រងគ្រោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect | រូបភាព-Photo៖ Debbie Hill/Pool via REUTERS/ EPA/ Palestine awareness coalition