ព័ត៌មានអន្តរជាតិ

ដាច់ខ្សែសណ្ដោងរថភ្លើងខ្សែកាបនៅប្រទេសស្រីលង្កា បណ្ដាលឱ្យសុគតព្រះសង្ឃ៧ព្រះអង្គ

image


ស្រីលង្កា៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក កាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ព្រះសង្ឃចំនួន ៧ ព្រះអង្គ រួមមានព្រះសង្ឃជាតិបរទេសចំនួន ៣ព្រះអង្គ បានសុគតនៅក្នុងទីក្រុងគូរូណេហ្គាឡា (Kurunegala) ប្រទេសស្រីលង្កា កាលពីថ្ងៃពុធ (ទី២៤ ខែកញ្ញា) បន្ទាប់ពីមានករណីដាច់ខ្សែសណ្ដោងរថភ្លើងខ្សែកាប (Cable car) ។

អ្នកនាំពាក្យមន្ត្រីនគរបាលក្នុងតំបន់ បានឱ្យដឹងថា ព្រះសង្ឃសរុបចំនួន ១៣ ព្រះអង្គ បានបញ្ចប់នូវការគោរពបូជាសាសនា ហើយកំពុងនិមន្តត្រឡប់ទៅកាន់វត្តអារាមវិញ តែជាអកុសលឧបទ្ទវហេតុនៃគ្រោះថ្នាក់ដាច់ខ្សែកាបនោះក៏បានកើតឡើងតែម្ដង ។

ទន្ទឹមនឹងនោះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ឌីរ៉ាណាធីវី (Derana TV) បានរាយការណ៍ថា ព្រះសង្ឃ ៦ ព្រះអង្គផ្សេងទៀតបានទទួលរងរបួស ខណៈព្រះសង្ឃជាតិបរទេស ៣ ព្រះអង្គដែលសុគតនោះ បាននិមន្តមកពីប្រទេសរុស្ស៊ី ឥណ្ឌា និងរ៉ូម៉ានី ។

នៅក្នុងវីដេអូផ្សាយចេញដោយ ឌីរ៉ាណាធីវី (Derana TV) បានបង្ហាញពីស្នាមឈាម និងបំណែកខូចខាតនៃរថភ្លើងខ្សែកាបនៅឯទីកន្លែងកើតហេតុ រួមទាំងខ្សែដែកដែលដាច់ផងដែរ។ បច្ចុប្បន្ន អាជ្ញាធរបានបើកការស៊ើបអង្កេតដើម្បីកំណត់ពីមូលហេតុនៃឧបទ្ទវហេតុនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព-Photo៖ Reuters Connect