សន្តិសុខសង្គម

កាប់អ្នកជិតខាង១កាំបិត បណ្តាលឱ្យរបួសដៃ បន្ទាប់ពីអ្នកជិតខាងផឹកស៉ីដល់ភ្លឺឆ្លៀតឌឺដងផ្លែផ្កាប្រមាថម្តាយ

image

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌមានជ័យឃាត់ខ្លួន ពាក់ព័ន្ធករណីកាប់ជនរងគ្រោះ បង្កឲ្យមានរបួសដៃកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបណ្តោយផ្លូវលេខ ៨៥បេតេ ក្នុងភូមិត្នោតជ្រំ១ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ សុមានិត ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៥៨ តាមផ្លូវ៨៩បេតេ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីមិត្តភក្តិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះបានមកផឹកសុីជាមួយគាត់ នៅក្បែរផ្ទះរបស់ជនបង្កតាំងពីយប់រហូតដល់មេឃភ្លឺ និងបានឈ្លោះប្រកែកគ្នាជាមួយអ្នកផ្ទះរបស់ជនសង្ស័យផងដែរ។ លុះមកដល់ព្រឹកឡើងម៉ោងកើតហេតុជនរងគ្រោះរួមនឹងមិត្តភិក្ត ចំនួន២នាក់ទៀត កំពុងតែអង្គុយផឹកនៅមុខផ្ទះ មិនដឹងជាជនសង្ស័យមានបញ្ហាអ្វីនោះទេ បានរត់ចេញពីក្នុងផ្ទះ រួចរកហក់វ៉ៃជនរងគ្រោះ ទើបធ្វើឱ្យជនរងគ្រោះ យកកៅអីបម្រុងវាយត្រឡប់ទៅវិញ។ ភ្លាមៗ ជនសង្ស័យបានរត់ទៅយកដាវដែលទុកខាងក្នុងផ្ទះធ្វើសកម្មភាពកាប់ជនរងគ្រោះ បណ្តាលឱ្យត្រូវរបួសកដៃ ហើយបានរត់ចូលក្នុងផ្ទះបាត់។ បន្ទាប់ពីរបួសភ្លាមៗ ជនរងគ្រោះបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ក្រោយកើតហេតុ អាវុធហត្ថខណ្ឌមានជ័យបានចុះមកដល់ទីតាំងផ្ទះជនសង្ស័យ ឡោមព័ទ្ធ និងឃាត់ខ្លួនយកទៅសាកសួរ អនុវត្តបន្តនីតិវីធីច្បាប់៕


អត្ថបទ៖ រដ្ឋ រង្សី