សាវម៉ាវភ្នំវល្លិ៍ ឆ្នាំនេះការប្រមូលផលហាក់យឺតយ៉ាវ រីឯទិន្នផលអាចនឹងធ្លាក់ចុះ តែផ្លែធំស្មើល្អជាងឆ្នាំមុន
កែប៖ មានដើមប្រមាណ ៣០០ដើម ម្ចាស់ចម្ការសាវម៉ាវមួយកន្លែងនៅតំបន់ភ្នំវល្លិ៍ ក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប បានឲ្យដឹងថា ដោយសារឆ្នាំមុនមានបញ្ហាកម្តៅឡើងខ្លាំង ធ្វើឲ្យដើមសាវម៉ាវលូតលាស់មិនសូវល្អ ទើបនៅឆ្នាំនេះសាវម៉ាវហាក់យឺតយ៉ាវក្នុងការចេញផ្កា ហើយផ្កាតិច តែទោះយ៉ាងណាផ្លែសាវម៉ៅឆ្នាំនេះធំៗស្មើល្អណាស់។ យ៉ាងណាបើតាមការប៉ាន់ស្មាន ទិន្នផលសាវម៉ាវឆ្នាំនេះអាចតិចជាងឆ្នាំមុន ក៏ប៉ុន្តែតម្លៃលើទីផ្សារកំពុងឡើងខ្ពស់។
នេះជាការបញ្ជាក់ពី លោក ឡៅ មួយសេង ជាម្ចាស់ចម្ការដាំដំណាំចម្រុះលើផ្ទៃដីជិត ១៥០ហិកតា នៅតំបន់ភ្នំវល្លិ៍ លាតសន្ធឹងលើព្រំប្រទល់រវាងខេត្តកែប និងកំពត និងជាម្ចាស់ហាងលក់ទុរេនយីហោរ “ឡៅ មួយសេង ផ្លែឈើស្រស់” នៅរាជធានីភ្នំពេញ បានផ្តល់បទសម្ភាសន៍ជាមួយ CNC កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ។
លោក ឡៅ មួយសេង បានប្រាប់ឲ្យដឹងថា ជាទូទៅសាវម៉ាវត្រូវចាប់ផ្តើមទុំនៅខែមេសា ឬដើមខែឧសភា ប៉ុន្តែដោយសារកត្តាអាកាសធាតុ ឆ្នាំនេះសាវម៉ាវក្នុងចម្ការរបស់លោកមានការយឺតយ៉ាវក្នុងការចេញផ្លា និងប្រមូលផល ត្រូវរង់ចាំយ៉ាងហោចដល់ចុងខែឧសភា ទើបអាចប្រមូលផលបានជាបណ្តើរៗ។
ម្ចាស់ចម្ការរូបនោះបានបន្តថា កាលពីឆ្នាំកន្លងទៅ លោកអាចប្រមូលផលសាវម៉ៅបានប្រមាណ ៥តោន តែទិន្នផលសាវម៉ាវឆ្នាំនេះ អាចតិចជាងឆ្នាំមុន ចំពោះតម្លៃវិញកាលពីឆ្នាំកន្លងទៅលោកអាចលក់បានក្នុងមួយគីឡូក្រាមពី ៣.០០០រៀល ទៅ ៥.០០០រៀល តែឆ្នាំនេះអាចឡើងដល់ ៧.០០០រៀល ក្នុងមួយគីឡូក្រាម។
បើតាមការបញ្ជាក់របស់ម្ចាស់ចម្ការថា ដីនៅតំបន់ភ្នំវល្លិ៍អនុគ្រោះ និងអំណោយផលបំផុតដល់ដំណាំហូបផ្លែគ្រប់ប្រភេទ គឺដំណាំដុះបានល្អ មានទិន្នផលខ្ពស់ ពិសេសមានគុណភាព និងរសជាតិល្អផ្តាច់គេ ទាំងម្រេច ទុរេន សាវម៉ាវ ត្របែក ម្ឃុត ចេក ស្វាយជាដើម៕
អត្ថបទ៖ ង៉ុង សាន់